តាមសារព័ត៌មាន Channel News Asia បានចុះផ្សាយថា៖ លោក Pep Guardiola ពេញនឹងជម្រើសនៃការមានខ្សែប្រយុទ្ធដ៏រឹងមាំម្នាក់សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ដ៏រំភើបមួយជាមួយនឹងក្រុម Liverpool នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះក្រោយពី Gabriel Jesus បានអបអរការវិលត្រឡប់ពីរបួសរបស់គេជាមួយនឹងការស៊ុតបាល់បញ្ចូលទី១គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ លើក្រុម Olympiakos ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។
Man City កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយងាយ ក្រោយពីដណ្តើមបាន៩ពិន្ទុពេញពីការប្រកួត៣លើក ក្នុងពូល C ក្រោមជំនួយនៃការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Ferran Torres។ តារាឆ្នើមអេស្ប៉ាញមួយនេះ បានក្លាយជាកីឡាករវ័យក្មេងទី៣ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Champions League ៤លើកជាប់ៗគ្នា នៅពេលដែលរូបគេបានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១២។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមរបស់អង់គ្លេស មិនបានបង្ហាញពីភាពមុតស្រួចខ្លាំងឡើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្នុងក្របខ័ណ្ឌ Premier League ពេលលេងដោយគ្មានខ្សែប្រយុទ្ធកណ្តាលម្នាក់ ក្រោយពី Jesus និង Sergio Aguero បានជួបបញ្ហារបួសដូចគ្នានៅដើមរដូវកាលនេះ។ Jesus ត្រូវបានដាក់ឲ្យចូលលេងនៅរយៈពេល១៥នាទីចុងក្រោយ ដើម្បីពង្រឹងភាពរឹងមាំរបស់គេ និងបានស៊ុតបាល់បញ្ចូលទីក្រោយពីលេងបានត្រឹមតែ១១នាទី ដើម្បីបន្ថែមការនាំមុខរបស់ក្រុម Man City។
លោក Guardiola បានឲ្យដឹងថា៖ «យើងបានលេងយ៉ាងល្អនៅតង់ទី១ ប៉ុន្តែ ជាអកុសល្យ យើងមិនអាចបញ្ចប់ការប្រកួតនេះដោយងាយឡើយ ដោយសារតែយើងលំបាកក្នុងការរកគ្រាប់បាល់ទី២។ ប៉ុន្តែ Gabriel រកបានគ្រាប់បាល់ដ៏មិនគួរឲ្យជឿ ហើយនេះគឺជាដំណឹងល្អដែលរូបគេត្រឡប់មកចូលលេងវិញ»៕


0 Comments